March 19, 2018

ទូតអាមេរិកថាការថ្លែងរបស់លោក ហ៊ុន សែនពាក់ព័ន្ធនឹងលោក ជុន ច័ន្ទបុត្រ និង កែម ឡី គឺជាការ«ប្រមាថអាមេរិក»

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក​ William Heidt ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​នៅ​ឯខេត្ត​កំពង់​ធំ​កាលពី​ថ្ងៃ​ទី​១៨ មីនា ២០១៨។ (ទុំ ម្លិះ/VOA)

កាន់ វិច្ឆិកា VOA Khmer 18 មិនា 2018

កំពង់ធំ — ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លើក​ឡើង​ថា​ ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ពី​ករណី​លោក​ ​ជុន ច័ន្ទបុត្រ​ ​ដែល​ជា​អ្នក​សារ​ព័ត៌មាន​មួយ​រូ​ប​របស់​វិទ្យុ​អាស៊ីសេរី​នៅ​សហរដ្ឋ​អាមេរិក​ ថា​ភ័យខ្លាច​មាន​ការ​សម្លាប់​នៅ​សហរដ្ឋ​អាមេរិក​ ​គឺជា​ការថ្លែង​ ​«ប្រមាថ​បែបឆ្កួតឡប់»​ ​ដែល​មិន​គួរលើក​យក​មក​ពិភាក្សា។

ថ្លែងពី​ខេត្ត​កំពង់​ធំ​ ​នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ ​លោក​ ​Willaim Heidt​ ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ប្រាប់​អ្នកសារ​ព័ត៌មាន​ថា​ ​លោក​ហួស​ចិត្ត​ចំពោះ​ការ​និយាយ​ភ្ជាប់​ករណី​ឃាត​កម្ម​លើ​លោក​បណ្ឌិត​ ​កែម ឡី​ ​ទៅ​នឹងលោក​ ហួត ឃីនវុទ្ធី ហៅ ​ជុន ច័ន្ទ​បុត្រ​ ​នាយក​រង​វិទ្យុ​អាស៊ី​សេរី​ ​ផ្សាយ​ជា​ភាសាខ្មែរ​ ​ដែល​ថាបារម្ភ​ពី​សុវត្ថិភាព​របស់ខ្លួន​នៅ​សហរដ្ឋ​អាមេរិក​ ​គឺ​គ្រាន់​តែ​ជា​រឿងឆ្កួតៗ​ ​ដែល​មិន​គួរ​លើក​យក​មក​និយាយ​ ដោយ​លោក​ថាមាន​អ្នកសារ​ព័ត៌​មាន​ជា​ច្រើន​ដែល​សរសេររិះគន់​រដ្ឋា​ភិបាល​អាមេរិក​ដោយ​មិន​ខ្លាច​រអារ​។​ ​

លោក​បាន​បន្ថែម​ថា​ ​អាមេរិក​តែង​ឈរ​លើ​គោល​ការណ៍​គោរព​សិទ្ធិ​មនុ​ស្ស​ ​និង​តែងទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យលើ​ករណី​ឃាតកម្ម​លោក​បណ្ឌិត​ ​កែម ឡី​ ​និង​ថា​ការ​ថ្លែង​របស់​លោក​ ​ហ៊ុន សែន​ ​នៅ​ប្រទេស​អូស្ត្រាលី​ ​គឺ​ជា​ការ​ប្រមាថសហរដ្ឋ​អាមេរិក​ ​ដែល​មិន​អាច​ទទួល​យក​បាន។

លោក​ ​Willaim Heidt​ ​បន្ថែម​ថា​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​មិន​គួរ​ថ្លែង​ពាក់ព័ន្ធ​នឹង​ករណី​ទាំង​នេះ​នៅ​ប្រទេស​អូស្រ្តាលី​ដែល​ជា​ប្រទេស​ប្រជាធិប​តេយ្យ​ ​និង​ជា​សម្ព័ន្ធ​មិត្តរបស់​សហរដ្ឋ​អាមេរិក​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖​

«ចំពោះ​មុខ​ ​ពិត​ណាស់​ ​អាមេរិក​គឺជា​ប្រទេស​ដែល​មាន​បើក​សេរី​ភាព​ផ្នែកសារព័ត៌មាន​ខ្លាំង​ជាងគេ​លើ​ពិភព​លោក។​ ​ខ្ញុំ​អាច​និយាយ​បាន​ថា​ មិនមែន​សុទ្ធ​តែ​អ្នក​កាសែត​ទាំងអស់​នោះ​សុទ្ធ​តែ​ភ័យ​ខ្លាច​នោះ​ទេ​ ​ដូច្នេះ​ការលើកឡើង​ដែល​ថា​លោក​ ​ជុន ច័ន្ទបុត្រ​ ​មាន​ការភ័យ​ខ្លាច​នោះ​ ​គឺ​គ្រាន់​តែ​ជា​រឿងឆ្កួតៗ​ ​ហើយ​ក៏​ជា​រឿង​ដែល​មិន​ចាំបាច់​លើកឡើង​សម្រាប់ការ​ពិភាក្សា​នោះ​ដែរ»។

ការ​លើក​ឡើង​របស់លោក​ ​Willaim Heidt​ ​ធ្វើ​ឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​កាល​ពី​ថ្ងៃសុក្រ​ថ្លែង​ថា​ ​លោក​ ​ជុន ច័ន្ទបុត្រ​ ​នាយក​រង​វិទ្យុ​អាស៊ីសេរី​ផ្សាយជា​ភាសា​ខ្មែរ​ ​ដែល​កំពុង​ធ្វើការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ​សហរដ្ឋ​អាមេរិក​ ​គឺ​ជា​ចារកម្ម​របស់​លោក។​ ​លោក​បន្ថែម​ថា​ ​លោក​ ​ជុន ច័ន្ទបុត្រ​ ​បាន​ជួប​ជាមួយ​លោក​ ​ម៉ៅ សុផាន់​ ​មេបញ្ជាការ​កងពលតូច​៧០​ ​ដោយ​សុំ​ឲ្យ​លោក​ ​ម៉ៅ សុផាន់​ ​ជួយ​ការពារ ​ព្រោះ​ខ្លាចអាមេរិក​ ​សម្លាប់​ដូចលោក​បណ្ឌិត​ ​កែម ឡី។

រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ​ហ៊ុន សែន​ ​ចូលរួមមហា​សន្និបាត​បក្សដែល​មាន​រយៈពេល​បីថ្ងៃ​ ​នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។⁣ (រូបដកស្រង់ពីហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

លោក​ ​ហ៊ុន សែន​ ​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​កម្ពុជា​ដែល​ចូលរួម​ទទួល​លោក​ក្នុង​ទីក្រុង​ស៊ីដនី​ ​ប្រទេស​អូស្រ្តាលី​កាលពី​ថ្ងៃសុក្រ​ថា៖​

«ជុន ច័ន្ទបុត្រ​ ​បាន​ទៅ​ជួប​ឧត្តម​សេនីយ៍​ឯក​ ​ម៉ៅ សុផាន់​ ​មេបញ្ជាការ​កង​ពល​តូច​៧០ ​មុន​ ​ជុន ច័ន្ទបុត្រ​ ​ជួប​ ​ហ៊ុន ម៉ា​ណែត​ ​កូនប្រុស​របស់​ខ្ញុំ។​ ​តើ​ ​ជុន ច័ន្ទបុត្រ​ ​គាត់​និយាយ​ថា​ម៉េច​ទេ​ ​គាត់​សុំ​ឲ្យ​ឧត្តម​សេនីយ៍​ឯក​ ​ម៉ៅ សុផាន់​ ​ជួយ​ការពារ​ផង​ ​ប្រយ័ត្ន​ពួក​អាមេរិក​សម្លាប់​ដូច​ ​កែម ឡី»។

លោក​បណ្ឌិត​ ​កែម ឡី​ ​ត្រូវ​បានខ្មាន់​កាំភ្លើង​បាញ់​សម្លាប់ក្នុង​ហាង​លក់​កាហ្វេ​មួយ​កន្លែង​ កណ្តាល​រាជធានី​ភ្នំពេញ​ ​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៦​ ​ដែល​ការបាញ់​ប្រហារ​នេះ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​ក្រោយ​ការ​អត្ថាធិប្បាយ​របស់​លោក​ លើ​របាយ​ការណ៍​របស់​អង្គការ​ ​Global Witness​ ​ស្តីពី​ជំនួញ​របស់​ក្រុម​គ្រួសារ​លោក​ ​ហ៊ុន សែន។​ ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បាញ់​សម្លាប់​លោក​ ​កែម ឡី​ ​បុរស​ម្នាក់​ដែល​អះអាង​ថា​ខ្លួន​ឈ្មោះ​ ​ជួប សម្លាប់​ ​ត្រូវបាន​ឃាត់​ខ្លួន និង​អះអាង​ថា​ជា​ឃាត​ករ​សម្លាប់​លោក​ ​កែម ឡី​ ​ដោយ​ថា លោក កែម ឡី ជំពាក់​លុយ​ខ្លួន​ជាង​៣ពាន់​ដុល្លា​មិន​ព្រម​សង។

​ក្រោយ​មកជន​ឈ្មោះ ​ជួប សម្លាប់ ​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយជី​វិត ពីបទ​ឃាតកម្ម​គិត​ទុក​ជាមុន ​បើ​ទោះជា​មាន​មន្ទិល​ពី​ក្រុម​គ្រួសារ​ និង​សាធារណជន​ថា​ ជួប សម្លាប់ ជា​ឃាតករ​សិប្បនិម្មិត​ក៏​ដោយ​។

លោក​ ​សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​បដិសេធ​មិន​ធ្វើការ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​របស់​លោក​ Willaim Heidt។​ ​ទោះ​យ៉ាង​ណា​លោក​ថា​ ​ការ​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​លើក​ឡើង​ថា​លោក​ ​ជុន ច័ន្ទ​បុត្រ​ ​មាន​ការភ័យខ្លាច​ ​អាមេរិក​សម្លាប់​ដូច​លោក​ ​កែម ឡី​ ​គឺ​សុទ្ធ​តែ​ជា​ការពិត​ ព្រម​ទាំងមាន​ភស្តុតាង​ ​និង​សាក្សី​ត្រឹម​ត្រូវ។

លោក​ ​សុខ ឥសាន​ មាន​ប្រសាសន៍​បន្ថែម​ថា៖​

«ការ​ដែល​លោក​ ​ជុន ច័ន្ទ​បុត្រ​ ​និយាយ​យ៉ាងម៉េច​ ​អាហ្នឹង​គឺ​សម្តេច​ក្តាប់​បាន​ សម្តេច​លាត​ត្រដាង​ជូន​ដល់​បង​ប្អូនខ្មែរ​នៅអូស្រ្តាលី​ដើម្បី​ជ្រាប។​ ​អញ្ចឹង​ទេ​ខ្ញុំអាច​វាយ​តម្លៃ​ថា​ ​ជា​ការពិត​ហើយ​ ​ព្រោះ​មាន​សាក្សី​ដូចជា​ឯកឧត្តម​ឧត្តម​សេនីយ៍​ ​ម៉ៅ សុផាន់​ ​ក៏​ដូចជា​ឯកឧត្តម​ ​ឧត្តម​សេនីយ៍​ ​ហ៊ុន ម៉ាណែត​ ​ជា​ដើម។​ ​អាហ្នឹង​គឺថា​សម្តេច​មាន​ភស្តុតាង​ ​មាន​សាក្សី»។

VOA​ ​មិន​អាច​ទាក់ទង​សុំ​ការអធិប្បាយ​ពី​លោក​ ​ម៉ៅ សុផាន់​ ​មេបញ្ជាការ​កង​ពល​តូច​លេខ​៧០​ ​និង​កូន​ប្រុស​ច្បង​របស់​លោក​ ​ហ៊ុន សែន​ ​គឺលោក​ ​ហ៊ុន ម៉ាណែត ​ដែល​ជា​មេបញ្ជាការ​នៃ​បញ្ជាការ​ដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ​និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​បានទេ​ ​រហូត​ដល់​ល្ងាច​ថ្ងៃអាទិត្យ​នេះ។

​លោក​ ​ជុន ច័ន្ទបុត្រ​ ត្រូវ​បានគេ​ស្គាល់​ថា​ ​ជា​អ្នក​សារព័ត៌មាន​ ​និង​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយព័ត៌មាន​មួយរូប​ដែល​តែង​និយាយ​រិះគន់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ធ្ងន់ៗ​មិន​សំចៃ​មាត់។​ ​កាលពីចុង​ខែ​មេសា​ ឆ្នាំ​២០១៧​ ​កន្លង​ទៅ​ ​លោក​ ជុន​ ច័ន្ទបុត្រ​ ​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ចូល​ទៅ​សាក​សួរ ​ក្រោយ​អាជ្ញាធរ​ចោទ​លោក​ថា​ ​លោក​បាន​ ​«ផ្ដល់​សេចក្ដី​ប្រកាស​ដោយ​ភូត​កុហក​ ​និង​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ»​។ ​ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​ដីកា​នាំខ្លួន​លោក​ ​ជុន ច័ន្ទបុត្រ​ ​ក្រោយ​បន្តិច​ដែល​លោក​បានចាកចេញ​ពី​ប្រទេស​កម្ពុជា​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ។

រូបឯកសារ៖ លោក ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ជា​ភាសាខ្មែរ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ដោយសារ​ការ​បន្លំ​ខ្លួន​ចូលយក​ព័ត៌មាន​ពី​ក្នុង​ពន្ធនាគារ កាលពី​ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។ (រូបថត​ដកស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក Chun Chanboth Vuthy Huot)

ក្រោយ​ការ​ថ្លែងរបស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដែល​ចោទ​លោក​ថា​ជា​គិញ​សម្ងាត់​ឱ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ​និង​ខ្លាច​ត្រូវគេ​សម្លាប់​ដូច​លោក​ ​កែម ឡី​ ​ ​លោក​ ​ជុន ច័ន្ទបុត្រ​ ​នាយក​រង​វិទ្យុ​អាស៊ីសេរី​ផ្សាយ​ជា​ភាសាខ្មែរ​ ​បាន​ថ្លែង​ក្នុង​កម្មវិធី​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរីនា​ល្ងាច​ថ្ងៃសុក្រ​ដដែលនោះថា​ ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី គឺជា​រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច។​ ​លោក​បន្ថែមថា​ ​លោក​សុំ​មិន​មាន​យោបល់​លើ​ការថ្លែង​របស់​លោក​ ​ហ៊ុន សែន​ ​ដោយ​លោក​គ្រាន់តែ​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ចូលរួម​ក្នុង​វេទិកា​វិទ្យុ​អាស៊ី​សេរី​តទល់​ជាមួយ​លោក​ ​ដើម្បី​បញ្ជាក់លើករណី​នេះ។

លោក​ ហួត ឃីនវុទ្ធី ហៅ ​ជុន ច័ន្ទបុត្រ​ បញ្ជាក់​ថា៖​

«គឺ​ឆ្លៀត​ឱកាស​សូម​អញ្ជើញ​លោក​នាយក​រដ្ឋមន្រ្តី​ ​មក​ធ្វើ​ជា​វាគ្មិន​ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​របស់​វិទ្យុ​អាស៊ី​សេរី​យើង​ម្តង​ ​ហើយ​ពេល​នោះ​លោក​អាច​នាំ​យក​ភស្តុតាង​ទាំងឡាយ​ណា​ដែល​ថា​ខ្ញុំ​បាន​ស្នើ​កិច្ច​ការពារ​ពី​លោក​ដើម្បី​កុំ​ឲ្យ​អាមេរិក​សម្លាប់​ខ្ញុំ​ ​ដូច​ដែល​សម្លាប់​លោក​ ​កែម ឡី​ ​ឬ​ក៏លោក​អាច​បង្ហាញ​ភស្តុតាង​ទាំងអស់​ណា​ដែល​ទាក់ទង​នឹង​រឿង​ខ្ញុំ​ ​យក​មក​លាត​ត្រដាង​ដោយ​សេរីទាំង​អស់​ចុះ។​ ​ហើយ​ពេល​នោះយើង​ខ្ញុំ​នឹង​មាន​ឱកាស​សាកសួរ​គ្នា​តទល់​ជាមួយ​លោក​ផ្ទាល់»។

ទោះ​ជា​យ៉ាង​ណា​ ​គេ​ឃើញវីដេអូ​ដែល​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បង្ហោះ​ដោយ​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ ​Facebook​ ​របស់​លោក​កាល​ពី​ល្ងាចថ្ងៃសុក្រ​ ​ត្រូវ​បាន​បង្ហោះ​ឡើង​វិញនៅ​យប់​ថ្ងៃ​សៅរ៍​ ​ដោយ​មិន​មាន​ចំណុច​និយាយ​អំពី​លោក​ ​ជុន ច័ន្ទបុត្រ​ ​ដូច​វីដេអូ​ដែល​បាន​ផ្សាយ​ផ្ទាល់កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​នោះ​ទេ។​ ​

ចំណែក​គេហ​ទំព័រ​អង្គភាពព័ត៌មាន​ ​Freshnews​ ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ ​លោក​ ​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ ​ក៏​បាន​លុបចោល​អត្ថបទ​មួយ​ចំនួន​ដែល​បាន​ផ្សាយ​ពីការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដែល​ថា​ ​លោក​ ​ជុន ច័ន្ទបុត្រ​ ​ជា​ចារកម្ម​លោក​ ​និង​អត្ថបទ​មួយ​ចំនួន​ទៀត​ដែល​ផ្សាយ​ថា​ ​លោក​ ​ជុន ច័ន្ទបុត្រ​ ​ស្នើឲ្យ​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ជួយ​ ​ដោយ​បារម្ភ​ខ្លាច​អាមេរិក​សម្លាប់​ដូច​លោក​បណ្ឌិត​ ​កែម ឡី​ ​ក៏​ត្រូវ​បាន​អង្គភាព​ព័ត៌មាន​មួយនេះ​លុប​ចោល​ផង​ដែរ។

ចាប់​តាំង​ពីពេល​ដែល​កម្ពុជា​បាន​ងាក​ទៅ​ស្និទ្ធស្នាល​ជាមួយ​រដ្ឋាភិបាល​ចិន​កុម្មុយនីស្ត​ ​គេឃើញ​ថា ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​ដែល​ជា​បិតា​ប្រជាធិបតេយ្យ​ ​តែង​មាន​ភាព​រកាំ​រកូស​ជា​ញឹកញាប់។​

​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដែលជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​រូប​ ​និង​ជា​នាយក​រដ្ឋមន្រ្តី​ដែល​កាន់​អំណាចអស់​រយៈ​ពេល​ជាង​៣​ទសវត្សរ៍​មក​ហើយ​នោះ​ ​តែង​ពង្រីក​វោហា​សាស្រ្ត​របស់​លោកប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក ​ថា​ជា​អ្នក​ស្ថិត​នៅ​ពីក្រោយ​គណ​បក្ស​ប្រឆាំង​ ​ក្នុងការ​រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។​ ​ទាំង​លោក​ ​ហ៊ុន សែន​ ​ផ្ទាល់​ ​និង​មន្រ្តី​រដ្ឋាភិបាល​ក្រោម​ឱវាទ​របស់​លោក តែង​វាយ​ប្រហារ​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ​លោក William Heidt ជាច្រើន​លើកថា ​លោក​ព្យាយាម​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ព្រមទាំង​បាន​ស្នើ​លោក​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក​ ​ដូណាល់ ត្រាំ​ ​ឲ្យ​ស្តី​បន្ទោសលោក William Heidt ​ ទៀត​ផង។

លោក​ ​William Heidt​ ​បន្ថែម​ថា​ ​បើទោះបី​ជាលោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ហាក់​កំពុង​ព្យាយាម​វាយ​ប្រហារ​សហរដ្ឋ​អាមេរិក​ក៏​ដោយ​ ​ប៉ុន្តែ​លោក​ថា​ ​សហរដ្ឋ​អាមេរិក​បាន​និង​កំពុង​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រជាជន​កម្ពុជា​ ​និង​សហរដ្ឋ​អាមេរិក​តាមរយៈ​ការ​ចែក​រំលែក និង​ផ្លាស់ប្តូរ​សិល្បៈ​ វប្បធម៌​ទៅ​វិញ​ទៅ​មក៕

5 comments:

sam said...



អានាយករដ្ឋមន្ត្រីឡប់ៗ មាត់អត់គំរប ហ៊ុនសែន អីឡូវនេះបានទូតអាគាំង «ប្រមាថ​បែបឆ្កួតឡប់» ជាចំហរ។

Chun Sokha said...

That is a Prime Minister of Cambodia, the one with Khmer blood on his hands .

Anonymous Anonymous said...

Well...AH kook communist-hardcore Hun Cent Vietcong slave dictator is floating disinformation to cover up the truth. The dictator is accusing everybody and anybody without evidence to cover more lies! The dictator is going on the rampage like a wild buffalo!

Kim Ea said...

This is a ploy of maniac leader to clean his shameful failure event by scolding foreign participant or Khmer Australian opposition community as trouble maker . he tried to clear the smoke screen off from his face by attacked to some one else and created a farcical untruthful event to wash out the result of his fail visited . Remembered he strongly warning Khmer Australian ,that any one who dared to burn his effigy , He will pursuit and bit them up hardly ? Did he have courage to do that ? None , never happen. his word of promise was just a scarecrow in front of his audience only .

Kohtral said...



If Hun Sen does not use the Khmer people’s money to hire the lawyers, the US and Chun Chanboth would have filed the defamation law suit against this big mouth Hun Sen in both in the US and Khmer courts.