February 13, 2018

សមាជិក​ព្រឹទ្ធ​សភា​ស្នើ​លុប​ចោល​ការ​អញ្ជើញ​លោក ហ៊ុន សែន ឲ្យ​ចូលរួម​ជំនួប​កំពូល​អាស៊ាន-​អូស្ត្រាលី

សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី និង​ជា​ប្រធាន​គណបក្ស​បៃតង (the Australian Greens) លោក រីឆាត ឌី-នីថាឡេ (Richard Di Nitale)។ Screenshot

ដោយ មួង ណារ៉េត RFA 2018-02-13

សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី ពី​ខាង​គណបក្ស​បៃតង (the Australian Greens) និង​គណបក្ស​ពលករ (the Labor Party) ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី លុប​ចោល​ការ​អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ចូល​រួម​ជំនួប​កំពូល​អាស៊ាន-​អូស្ត្រាលី ដោយសារ​តែ​ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន។ ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី ជា​ច្រើន​រយ​នាក់​ក៏​គ្រោង​នឹងធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន សែន ប្រសិនបើ​រដ្ឋាភិបាល​អូស្ត្រាលី មិន​លុបចោល​ការ​អញ្ជើញ​នេះ។

​សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី ពី​ខាង​គណបក្ស​បក្ស​បៃតង ដាក់​ញត្តិ​ជា​ផ្លូវការ​ដោយ​គ្មាន​ការ​ជំទាស់​នៅ​ក្នុង​សម័យប្រជុំ​ព្រឹទ្ធ​សភា​អូស្ត្រាលី នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ នេះ ដោយ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី  លុប​ចោល​សេចក្តី​អញ្ជើញ​លោក ហ៊ុន សែន ដោយ​កុំ​ឲ្យ​លោក​មាន​វត្តមាន​ក្នុង​ជំនួប​កំពូល​ពិសេស​អាស៊ាន-​អូស្ត្រាលី ដែល​គ្រោង​ធ្វើ​នៅ​ខែ​មីនា ខាង​មុខ​នេះ។

សមាជិក​ព្រឹទ្ធសភា និង​ប្រធាន​គណបក្ស​បៃតង លោក រីឆាត ឌី-នីថាឡេ (Richard Di Nitale) ចាត់​ទុក​ការ​លុប​ចោល​ការ​អញ្ជើញ​នេះ ថា​គឺ​ជា​ទណ្ឌកម្ម​មួយ​ដើម្បី​ព្រមាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា៖ «ដំណើរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុងតែ​រង​ការ​បំផ្លាញ​ឲ្យ​ខ្ទេចខ្ទី​គ្មាន​សល់​នៅ​ចំពោះ​មុខ​ក្រសែភ្នែក​យើង​រាល់​គ្នា។ នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន បាន​រម្លាយ​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ចោល​នៅ​មុន​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ។ ប្រើ​ប្រើ​ធៀប​អ្វី​ដែល​កើត​ឡើង​នៅ​កម្ពុជា គឺ​វា​ស្មើ​នឹង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី និរទេស​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​អូស្ត្រាលី លោក ប៊ីល ស្ស៊តថេន (Bill Shorten) ចាប់​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដាក់​គុក រួច​ហើយ​បញ្ជា​ឲ្យ​តុលាការ​កំពូល រម្លាយ​គ​ណ​បក្ស​ពលករ​ចោល​ទាំង​ស្រុង  និង​ហាម​ឃាត់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាំង​អស់​លែង​ឲ្យ​ធ្វើ​នយោបាយ។ នេះ​គឺ​ជា​ស្ថានភាព​ដែល​កំពុង​តែ​កើត​មាន​នៅ​ស្រុក​ខ្មែរ។ ដូច្នេះ​ក្នុង​នាម​យើង​ជា​អ្នក​ជិត​ខាង​របស់​កម្ពុជា ប្រទេស​អូស្ត្រាលី ត្រូវ​តែ​បង្ហាញ​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រង​គ្រោះ​ដោយ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទាំង​នេះ ថា​រដ្ឋាភិបាល​អូស្ត្រាលី យក​ចិត្ត​ទុក​ដាក់ និង​គាំទ្រ​ពលរដ្ឋ​កម្ពុជា ក្នុង​ការ​ទាមទារ​សិទ្ធិសេរីភាព និង​ប្រជាធិបតេយ្យ។ យើង​គប្បី​អនុវត្ត​វិធានការ​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន រួម​ទាំង​ការ​លុបចោល​ការ​អញ្ញើញ​នេះ​ផង​ដែរ។ ខ្ញុំ​សូម​អំពាវ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ក្រោក​ឈរ​ឡើង​ដើម្បី​លើក​ស្ទួយ​ឲ្យ​មាន​ប្រជាធិបតេយ្យ​នៅក្នុង​តំបន់»។

​សមាជិក​ព្រឹទ្ធសភា​មក​ខាង​គណបក្ស​ពលករ លោក អែនថូនី គ្រីសហុម (Anthony Chrisholm) គាំទ្រ​ខ្លឹម​សារ​ញត្តិ​នេះ ដោយ​លោក​រម្លឹក​រដ្ឋាភិបាល​អូស្ត្រាលី អំពី​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ធានា​ឲ្យ​មាន​ការ​គោរព​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ព្រោះ​ប្រទេស​អូស្ត្រាលី បាន​ចូលរួម​យ៉ាង​ច្រើន​រួច​មក​ហើយ​ពេល​កន្លង​មក​នេះ។

លោក អែនថូនី គ្រីសហុម បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី  យក​ចិត្ត​ទុក​ដាក់​លើ​ការ​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ​អូស្ត្រាលី ជុំវិញ​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ស្នើ​ឲ្យ​លើក​យក​ខ្លឹមសារ​នៃ​ញត្តិ​នេះ​ទៅ​ជជែក​ជាមួយ​លោក ហ៊ុន សែន ពេល​ដែល​លោក​អញ្ញើញ​ចូលរួម​ក្នុង​ជំនួប​ពិសេស ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ស៊ីដនី នៅ​ខែ​មីនា ខាង​មុខ​នេះ ក្នុង​ករណី​ដែល​សេចក្តី​អញ្ជើញ​នេះ​មិន​ត្រូវ​បាន​លុប​ចោល​នោះ។

ក្នុង​ករណី​ដែល​រដ្ឋាភិបាល​អូស្ត្រាលី នៅ​តែ​អនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន ទៅ​ចូលរួម​កិច្ច​ប្រជុំ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី បាន​ប្តេជ្ញា​ប្រមូល​គ្នា​ធ្វើ​បាតុកម្ម​ធំ​មួយ​ដែល​មាន​អ្នក​ចូលរួម​មិន​តិច​ជាង ៥០០​នាក់ ដើម្បី​បង្ហាញ​អំពី​ការ​មិន​ពេញចិត្ត និង​ប្រឆាំង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន។

លោក ហុង លីម តំណាងរាស្ត្រ​អូស្ត្រាលី ដើម​កំណើត​ខ្មែរ​ពី​ខាង​គណបក្ស​ពលករ បញ្ជាក់​ថា ការ​តវ៉ា​នេះ គឺ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ឈឺ​ចាប់ និង​ឈឺ​ឆ្អាល​បញ្ហា​ខ្មែរ​ដូច​គ្នា។ ស្របពេល​ជាមួយគ្នា​នេះ លោក​ក៏​បាន​សម្តែង​ការ​ហួស​ចិត្ត​ដែល​ឮ​ថា មាន​ពលរដ្ឋ​ខ្មែរ​ខ្លះ នឹង​ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា ជួល​ឲ្យ​ទៅ​ចូលរួម​កម្មវិធី​ជប់លៀង​ទទួល​លោក ហ៊ុន សែន។

លោក​អំពាវនាវ​ឲ្យ​អ្នក​ទាំង​នោះ​ភ្ញាក់​រលឹក​ឡើង កុំ​គាំទ្រ​មេដឹកនាំ​បែប​ផ្ដាច់ការ​បំផ្លាញ​ខ្មែរ​ដូច្នេះ ព្រោះ​មិន​ល្អ​ទេ៖ «មិន​នឹក​គិត អាណោចអាធម​ខ្លួន​ឯង ថា​ខ្លួន​ឯង​ថោកទាប​ដល់​ប៉ុណ្ណឹង ទៅ​ស៊ី​បាយ​ខ្មោច​ពែ ជាមួយ​មនុស្ស​ដែល​ពុករលួយ​បំផុត​បែប​នេះ? គួរ​នឹក​ឃើញ​ផង ថា​មួយ​ពិភពលោក​នេះ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​គេ​យក​ទៅ​តុលាការ ICC។ សហរដ្ឋអាមេរិក និង​ប្រទេស​នៅ​អឺរ៉ុប ជាដើម គេ​ដាក់​ទណ្ឌកម្ម​ស្រុក​ណា​ខ្លះ? គេ​ដាក់ទណ្ឌកម្ម​តែ​ស្រុក​ខ្មែរ​មួយ ដោយសារ​យើង​វា​ហួសហេតុ វា​អស់សាច់ វា​ផុត​កំពូល​គ្មាន​នរណា​ដូច ហើយ​បងប្អូន​ទៅ​ចូលរួម​អង្គុយ​ស៊ី​ខ្មោច​ពែ​ពួក​ហ្នឹង ពួក ហ៊ុន សែន នាំ​មក​ហ្នឹង រួម​ទាំង​លោក ហ៊ុន សែន ផង តើ​បងប្អូន​មាន​សេចក្ដី​ថ្លៃថ្នូរ​ប៉ុណ្ណា? បងប្អូន​ចេញ​ពី​ញ៉ាំ​វិញ លេប​រួច​ទេ ដេក​យប់​ហ្នឹង​លក់​ទេ តើ​ទទួល​លុយ​ហ្នឹង បើ​បង​ប្អូន​គ្មាន​ការងារ​ក៏​រដ្ឋ​អូស្ត្រាលី គេ​ចិញ្ចឹម​យើង​ដែរ ហេតុ​អ្វី​បាន​ជា​ធ្លាក់​ខ្លួន​ថោកទាប​ដល់​ប៉ុណ្ណឹង ទៅ​ចូលរួម​​អំពើ​បាបកម្ម​បំផ្លិចបំផ្លាញ​ជាតិ ក្បត់​ជាតិ​នឹង​គេ​យ៉ាង​ដូច្នេះ? ខ្ញុំ​មិន​យល់​ទាល់តែសោះ!»។

អាស៊ីសេរី ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ក្នុង​រឿង​នេះ​ដែរ ប៉ុន្តែ​មិន​ទាន់​អាច​ទាក់ទង​បាន នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ នេះ។

ចូល​ដល់​ខែ​កុម្ភៈ​នេះ ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ កាន់​តែ​កើន​ឡើង​យ៉ាង​សន្ធាប់​ទៅ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ សមាជិក​សភា និង​ព្រឹទ្ធសភា​អាមេរិក​ឯណោះ កំពុង​តែ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី ស្វែង​រក​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ជា​ច្រើន​ចំណុច​ទៀត ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ពន្យារ​ពេល​​ពិភាក្សា​ដើម្បី​លុប​បំណុល​អាមេរិក ដែល​កម្ពុជា ជំពាក់​ប្រមាណ​ជាង ៥០០​លាន​ដុល្លារ ក្នុង​សម័យ​សង្គ្រាម​ផង​ដែរ។ សមាជិកសភា​អាមេរិក បាន​បញ្ជាក់​ថា ទណ្ឌកម្ម​បន្ថែម​ទាំង​នេះ​នឹង​ចេញ​មិន​ឲ្យ​ហួស​ខែ​កុម្ភៈ នេះ​ទេ៕

No comments: