August 16, 2017

អ្នក​វិភាគ​ថា​យោធា​ការពារ​មេដឹកនាំ​អាច​ជា​ថ្នូរ​នឹង​ការ​ការពារ​ប្រយោជន៍​ផ្ទាល់​ខ្លួន

អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៧។ RFA

ដោយ តាំង សារ៉ាដា RFA 2017-08-16

អ្នក​ឃ្លាំមើល​សង្គម​ខ្លះ​បារម្ភ​ថា មន្ត្រី​យោធា​ជាន់​ខ្ពស់​ជា​ច្រើន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ អាច​នាំ​ឲ្យ​មាន​វណ្ណៈ​សង្គម​ពិសេស​មួយ ដែល​ក្រុម​យោធា​ចេញ​មុខ​ការពារ​អំណាច​របស់​នាយករដ្ឋមន្ត្រី​ជា​ថ្នូរ​នឹង​ការ​ការពារ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​ពួកគេ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

អ្នក​វិភាគ​នយោបាយ​ក្នុង​ស្រុក​វាយ​តម្លៃ​ថា កម្ពុជា​កំពុង​បោះ​ជំហាន​ដ៏​ធំ​របស់​ខ្លួន​ទៅ​រក​វណ្ណៈ​សង្គម​ពិសេស​មួយ ហើយ​ប្រើប្រាស់​អំណាច​ទាំង​នោះ​ដើម្បី​កេង​ប្រវ័ញ្ច​លុយ​ជាតិ និង​ផល​ល​ប្រយោជន៍​ផ្សេងៗ​ទៀត​សម្រាប់​គ្រួសារ​របស់​ខ្លួន។

ការវិវត្តន៍​ដែល​គួរ​ភ័យ​ខ្លាច​នេះ ជា​បញ្ហា​ដែល​ធ្លាប់​កើត​មាន​នៅ​ក្នុង​ប្រទេស​ដែល​ឆ្លងកាត់​សង្គ្រាម និង​របប​ផ្ដាច់ការ​ហើយ​ឈាន​ទៅ​ចាប់​យក​លទ្ធិប្រជាធិបតេយ្យ​សេរី។

អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា  ដោយសារ​តែ​មន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​ខ្មែរ​មួយ​ចំនួន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដូចជា​ករណី​ដីធ្លី ករណី​ភាគហ៊ុន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ជា​ដើម​នោះ អាច​នាំ​ឲ្យ​ក្រុម​យោធា​ក្លាយ​ទៅ​ជា​ក្រុម​មួយ ឬ​វណ្ណៈ​មួយ​ដែល​នាំ​ឲ្យ​ពួកគេ​ចេញ​មុខ​ការពារ​អំណាច​នាយករដ្ឋមន្ត្រី ក៏​ដូចជា​ការពារ​អំណាច និង​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ឯង​អ៊ីចឹង​ដែរ៖ «ប្រទេស​មាន​បញ្ហា​ដែល​គេ​ហៅ​ថា បញ្ហា​អង្គរក្ស គឺ​យោធា​នេះ​ឯង ហើយ​មួយ​ទៀត​ពាក់ព័ន្ធ​ជាមួយគ្នា​ហ្នឹង​គឺ​ការ​ប្រើប្រាស់​កង​ប្រដាប់​អាវុធ​ហ្នឹង គឺ​ធានា​សន្តិសុខ និង​របប​គ្រប់គ្រង​ហ្នឹង​ទៅ ហើយ​ក្រុម​យោធា​ហ្នឹង​បាន​ក្លាយ​ទៅ​ក្រុម​ពិសេស​មួយ​ដូចជា​វណ្ណៈ​អ៊ីចឹង​ដែល​ការពារ​ផល​ប្រយោជន៍​ខ្លួន​ឯង​ជា​ជាង​ការពារ​ប្រយោជន៍​ជាតិ»។
​លោក​បន្ត​ថា បញ្ហា​នេះ​ដោយសារ​តែ​កម្ពុជា នៅ​មិន​ទាន់​មាន​យន្តការ​តាមដាន ឬ​ត្រួត​ពិនិត្យ​សកម្មភាព​របស់​យោធា និង​កងកម្លាំង​នគរបាល។ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​មេបញ្ជាការ​កងទ័ព​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​កិច្ចការ​ថែរក្សា​សន្តិសុខ​ច្រើន​ជាង​កិច្ច​ការពារ​បញ្ហា​ព្រំដែន តាម​រយៈ​ការ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ប្រឆាំង​នឹង​បដិវត្តន៍​ពណ៌ ឬ​ការ​ធ្វើ​សម​យុទ្ធ​ក្នុង​ន័យ​ដាក់​សម្ពាធ​ដល់​គណបក្ស​ប្រឆាំង​ជាដើម។

​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៨ នៃ​ការ​បង្កើត​ទីបញ្ជាការ​កង​អង្គរក្ស​របស់​មេដឹកនាំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៦ កន្លង​ទៅ អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន បាន​ចេញ​បទបញ្ជា​ឲ្យ​កង​អង្គរក្ស​ការពារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គ្រួសារ ហើយ​ការពារ​កុំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា។

ចំណែក​លោក​ឧត្ដមសេនីយ៍​ផ្កាយ​មាស​បួន ជា តារា កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥ ក៏​ធ្លាប់​បាន​រំឭក​ថា កង​ទាហាន​ទាំង​អស់​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​មាន​តែ​លោក ហ៊ុន សែន ទេ​ដែល​ជា​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា​ដឹក​នាំ​បញ្ជា​កងទ័ព។

ចំណែក​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ កន្លង​មក​ព្រមាន​វាយ​បំបែក​ធ្មេញ​ចំពោះ​ជន​ណា​ដែល​ហ៊ាន​តវ៉ា​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ។

ក្រុម​អ្នកឃ្លាំមើល​ខ្លះ​និយាយ​ថា ខណៈ​ក្រុម​មេបញ្ជាការ​កងទ័ព គ្រាក់ៗ​មួយ​ចំនួន​បាន​ចេញ​មុខ​ការពារ​របប​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដូច្នេះ ហាក់​ធ្វើ​ឲ្យ​កម្ពុជា កំពុង​ខិត​ទៅ​រក​របប​យោធា​និយម​អ៊ីចឹង​ដែរ។

អតីត​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ឡឺ ឡាយស្រេង មាន​ប្រសាសន៍​ថា ប្រសិនបើ​ក្រុម​មេទ័ព​កំពូលៗ​របស់​ជាតិ ចេញ​មុខ​ការពារ​អំណាច​របស់​នាយករដ្ឋមន្ត្រី ដូច្នេះ​កម្ពុជា កំពុង​បោះ​ជំហាន​កាន់​តែ​ខ្លាំង​ទៅ​របប​យោធានិយម​ដ៏​ពិត​ប្រាកដ៖ «បើ​ធ្វើ​អ៊ីចឹង​គឺ​វា​ជា​របប​យោធា​សុទ្ធសាធ​ហើយ។ ប៉ុន្តែ​របប​យោ​ធាន​ហ្នឹង អាច​បរាជ័យ​ណា។ មិន​មែន​តែ​ស្រុក​ខ្មែរ​ទេ មាន​ស្រុក​ច្រើន​ណាស់ ដែល​ប្រើ​របប​យោធា​ទៅ ហើយ​បរាជ័យ ដូចជា​អ៊ីរ៉ាក់ ជាដើម»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ច្រាន​ចោល​ចំពោះ​ការ​វិភាគ និង​ទស្សនៈ​ទាំង​នេះ៖ «យើង​ដឹង​ហើយ​ថា កងទ័ព ឬ​កងកម្លាំង​ប្រដាប់​អាវុធ​ជា​ឧបករណ៍​ដាច់​ថ្លៃ​របស់​ប្រជាជន។ អ៊ីចឹង​ត្រូវ​ការពារ​ប្រជាជន ការពារ​ដឹក​ដី​របស់​ប្រជាជន និង​ការពារ​រាជ​រដ្ឋាភិបាល​របស់​ប្រជាជន។ អ៊ីចឹង​អត់​មាន​ខុស​អី​ទេ។ គោលការណ៍​ហ្នឹង​គឺ​ច្បាស់លាស់​ហើយ»។

ក្រៅ​ពី​ការ​គំរាមកំហែង​របស់​ក្រុម​យោធា​ក្នុង​ការ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ការពារ​អំណាច​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​នោះ ពេល​ខ្លះ​គេ​ឃើញ​រូបថត​មាន​របស់​លោក ហ៊ុន សែន ក្នុង​ឯក​សណ្ឋាន​យោធា​ដែល​ផ្កាយ​មាស​ប្រាំ​នៅ​លើ​ស្មា ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​តាម​ទី​សាធារណៈ​ជា​ហូរហែ ដូច​គ្នា​ទៅ​នឹង​មេដឹកនាំ​ផ្ដាច់ការ​មួយ​ចំនួន​ដែល​តែង​ស្លៀក​ឯកសណ្ឋាន​យោធា។ ជាពិសេស​ដូច​រូបថត​របស់​លោក មូអាម៉ា ហ្កាដាហ្វី (Muammar Gaddafi)  អតីត​មេដឹកនាំ​ប្រទេស​លីប៊ី (Libya)។ លោក សាដាម ហ៊ូសេន (Saddam Hussein) អតីត​មេដឹកនាំ​ប្រទេស​អ៊ីរ៉ាក់ (Iraq)។ លោក ហ្វីឌែល កាស្ត្រូ (Fidel Castro)  អតីត​មេដឹកនាំ​ប្រទេស​គុយបា (Cuba) លោក ថាន ស្វេ (Than Shwe) អតីត​មេដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) និង​បណ្ដា​មេដឹកនាំ​ប្រទេស​ផ្ដាច់ការ​យោធា​មួយ​ចំនួន​ទៀត។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អតីត​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង អះអាង​ថា របប​យោធានិយម​ជា​របប​មួយ​មិន​អាច​នៅ​ស្ថិតស្ថេរ​បាន​យូរ​អង្វែង​នោះ​ទេ ខណៈ​ពលរដ្ឋ​នៃ​របប​នេះ​តែង​រង​នូវ​ការ​គាបសង្កត់ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​មនុស្ស៕

No comments: