February 17, 2017

តុលាការ​សម្រេច​ឃុំ​ខ្លួន​លោក គឹម សុខ ពី​បទ​ញុះញង់​និង​បរិហារកេរ្តិ៍​បក្ស​កាន់​អំណាច



ពលរដ្ឋ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ឃ្លាំមើល​​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ មុន​លោក​ចូល​ក្នុង​បន្ទប់​សាកសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Cheu Sideth

ដោយ អាស៊ីសេរី RFA 2017-02-16

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ ត្រូវ​​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​​នៅពន្ធនាគារ​ព្រៃស នៅ​រសៀល​ថ្ងៃ​ទី​១៧ កុម្ភៈ ទាក់ទង​នឹង​បណ្ដឹង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​ថា ក្រោយ​ពី​អយ្យការ​បាន​បញ្ជូន​សំណុំរឿង​លោក គឹម សុខ ទៅ​ចៅក្រម​ស៊ើបសួរ និង​បាន​បញ្ចប់​នីតិវិធី​បង្ហាញ​ខ្លួន​លើក​ដំបូង ​និង​ពិភាក្សា​ដេញដោល​រួច​មក ចៅក្រម​សម្រេច​ឃុំ​ខ្លួន​លោក គឹម សុខ ជា​បណ្ដោះអាសន្ន ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ចលាចល​ដល់​សន្តិសុខ​សង្គម។

លោក គឹម សុខ បាន​មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ​ ១១​ព្រឹក​ថ្ងៃ​ដដែល​នេះ។ ​លោក គឹម សុខ បាន​ចេញ​ដំណើរ​ដោយ​ថ្មើរ​ជើង​ពី​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ជាមួយ​ព្រះសង្ឃ​ប្រមាណ ​១០​អង្គ និង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ​ផង តាំង​ពី​ព្រឹក​ព្រលឹម។

នៅ​ពេល​ចេញ​ដំណើរ​ពី​វត្តចាស់ អាជ្ញាធរ និង​ក្រុម​សណ្ដាប់ធ្នាប់​ខណ្ឌ​ជ្រោយចង្វារ បាន​រារាំង​មិន​ឲ្យ​ព្រះសង្ឃ​ប្រមាណ​ ១០​អង្គ រួម​មាន​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ផង អម​ដំណើរ​លោក គឹម សុខ មក​កាន់​តុលាការ​ទេ នៅ​ត្រើយ​ខាង​កើត​ស្ពាន​ជ្រោយចង្វារ។

អាជ្ញាធរ និង​ក្រុម​សណ្ដាប់ធ្នាប់​ខណ្ឌ​ជ្រោយចង្វារ រារាំង​មិន​ឲ្យ​ព្រះសង្ឃ អម​ដំណើរ​លោក គឹម សុខ នៅ​ត្រើយ​ខាង​កើត​ស្ពាន​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rann Samnang

រហូត​ដល់​ម៉ោង​ប្រមាណ​ ៩​ព្រឹក ទើប​អាជ្ញាធរ​អនុញ្ញាត​​ឲ្យ​បន្ត​ដំណើរ​ជាមួយ​ព្រះតេជព្រះគុណ​ ប៊ុត ប៊ុនតិញ និង​ព្រះសង្ឃ​ពីរ​អង្គ​ទៀត ដើម្បី​ឆ្លង​ស្ពាន​ជ្រោយ​ចង្វារ ខណៈ​ព្រះសង្ឃ​ផ្សេង​ទៀត តម្រូវ​ឲ្យ​ជិះ​ម៉ូតូ​រ៉ឺម៉ក​កង់​បី មក​មុន។

ក្នុង​ដំណើរ​នេះ​ដែរ មាន​ការ​ឃ្លាំ​មើល​ពី​មន្ត្រី​សិទ្ធិមនុស្ស ពលរដ្ឋ​ថ្មើរ​ជើង និង​ម៉ូតូ​អម​ដំណើរ រួម​នឹង​អ្នក​សារព័ត៌មាន​ជា​ច្រើន​រយ​នាក់​រហូត​ដល់​តុលាការ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ម៉ម មុនីរតន៍ តាម​ការ​សាកសួរ​របស់​លោក ជី វិត ព្រម​ទាំង​សម្រង់​មតិ​ពលរដ្ឋ​ដែល​ប្រតិកម្ម​ជុំវិញ​ការ​ឃុំ​ខ្លួន​លោក គឹម សុខ៖

រថយន្ត​របស់​ប៉ូលិស​ដែល​ត្រៀម​ដឹក​លោក គឹម សុខ ចេញ​ពី​តុលាការ​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស។ RFA

ព្រះសង្ឃ និង​លោក គឹម សុខ ត្រូវ​បាន​រារាំង​មិន​អោយ​ធ្វើ​ដំណើរ​ទៅ​មុខ​ពី​សំណាក់​អាជ្ញាធរ។ អាជ្ញាធរ​អនុញ្ញាត​ឲ្យ​តែ លោក គឹម សុខ ម្នាក់​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ចំណែក​ព្រះសង្ឃ​មិន​ត្រូវ​បាន​អនុញ្ញាត​ទេ។ RFA

លោក គឹម សុខ និង​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ជជែក​ជាមួយ​អាជ្ញាធរ​ពេល​ដែល​មាន​ការ​រារាំង។ RFA

អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ និយាយ​ជាមួយ​ក្រុម​ព្រះសង្ឃ​ដែល​អម​ដំណើរ​ជាមួយ​លោក គឹម សុខ។ RFA

លោក គឹម សុខ ធ្វើ​ដំណើរ​ចេញ​ពី​វត្ត​ចាស់ អម​ដំណើរ​ដោយ​ព្រះសង្ឃ ឆ្ពោះ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០១៧។ RFA

No comments: